នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៣ មានដូចខាងក្រោម៖ ១.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ ២.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ។ ក្នុងរបៀបវារៈទី១ និងទី២នេះ ត្រូវបានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទីទី២ព្រឹទ្ធសភា អញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបអំពី លទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងការឡើងមានយោបល់របស់សមាជិកព្រឹទ្ធសភារួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលក្នុងរបៀបវារៈទី១ និងទី២ ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ៣.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម របៀបវារៈទី៣នេះ ត្រូវបានឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំជ្រាប អំពី លទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងការឡើងមានយោបល់របស់សមាជិកព្រឹទ្ធសភារួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
សេចកី្តប្រកាសព័ត៌មាន សី្តពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣